មហាសេដ្ឋីថៃ ចង់ចាយលុយជាង ២២៧លានដុល្លារ ទិញភាគហ៊ុនក្នុងក្រុមហ៊ុនទឹកដោះគោវៀតណាម Vinamilk

អន្តរជាតិ

ក្រុមហ៊ុន F&N ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Thai Beverage ដែលគ្រប់គ្រងដោយមហាសេដ្ឋីថៃ គ្រោងចំណាយទឹកប្រាក់ ៦ទ្រីលានដុង ឬស្មើប្រមាណជាង ២២៧លានដុល្លារ ទិញយកភាគហ៊ុនចំនួន ៩៦ លានហ៊ុន នៅក្នុងក្រុមហ៊ុនវៀតណាម Vinamilk ពី Platinum Victory ដែលជាម្ចាស់ភាគហ៊ុនធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន Jardine Cycle & Carriage Group ដែលជាក្រុមហ៊ុនមេរបស់ Platinum Victory នៅលើផ្សារហ៊ុនសិង្ហបុរី កាលពីដើមសប្តាហ៍នេះ។

គួរឲ្យដឹងថា ក្រុមហ៊ុន Platinum Victory និងក្រុមហ៊ុន F&N Dairy Investments បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរភាគហ៊ុនជាង ៩៦ លានហ៊ុន ដែលស្មើនឹង ៤,៦% នៃភាគហ៊ុនសរុបរបស់ Vinamilk។ ប្រតិបត្តិការនេះ ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែលជាង ៦ទ្រីលានដុង ស្មើជិត ២២៨លានដុល្លារអាមេរិក។

យ៉ាងណាមិញ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុន Platinum Victory នឹងកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Vinamilk ពី ១០,៦២% មកនៅត្រឹម ៦,០២% ស្របពេលក្រុមហ៊ុន F&N នឹងបង្កើនភាគហ៊ុនរបស់ខ្លួនដល់ ២៤,៩៩% ក្នុងនាមជាម្ចាស់ភាគហ៊ុនបរទេសធំជាងគេ នៅក្នុងក្រុមហ៊ុន Vinamilk។

ជម្រាបជូនថា ក្រុមហ៊ុន F&N ស្ថិតនៅក្រោមបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ Thai Beverage ដែលកាន់កាប់ដោយមហាសេដ្ឋីថៃ Charoen Sirivadhanabhakdi៕​