ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ប៉ាគីស្ថាន មានទំហំ ៥៣ លានដុល្លារក្នុងឆ្នាំ២០២៥ ខណៈប្រទេសទាំងពីរ ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។
ទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ សម្តេចតេជោថា គប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ ដូច្នេះថ្នាក់ដឹកនាំទាំងពីរចង់ឃើញពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។
សូមជម្រាបដែរថា សម្តេចតេជោ និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេស នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជាយើងមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន

