ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការងារបច្ចេកទេសនិងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្មជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។

រដ្ឋសភាកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើឡើងក្រោមអធិបតីភាព លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង លោក កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីពិនិត្យលើប្រតិទិនការងារ និងខ្លឹមសារនយោបាយសំខាន់ៗ។
យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ “ទស្សនទានគន្លឹះ” ដើម្បីធ្វើវិភាគទានដល់ការសម្រេចបាន នូវសុខដុមនីយកម្ម និងការរីកចម្រើនក្នុងគ្រួសារអាស៊ាន ដោយផ្ដោតលើការទាញយកផល ប្រយោជន៍ជាអតិបរមាពីយន្តការការទូតសភា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

បន្ថែមលើនេះ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបំពេញតួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពីអាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។
ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។
ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាយប៉ា (AIPA) តាំងពីឆ្នាំ១៩៩៩ និងធ្លាប់បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួន ៣លើករួចមកហើយ។ សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦នេះ សភាកម្ពុជាបានត្រៀមលក្ខណៈក្នុងកម្មវិធីសរុបចំនួន ៣២ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ៕

