អ៊ីរ៉ង់ គំរាមបាញ់កម្ទេចចោលនាវាណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

ស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់កំពុងគំរាមបិទច្រកសមុទ្រដ៏សំខាន់ Hormuz ដើម្បីជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ដោយប្រើប្រាស់វិបត្តិសេដ្ឋកិច្ចនេះដើម្បីដាក់សម្ពាធលើគូប្រជែងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានព្រមាននៅថ្ងៃទី២ ខែមីនាថា ៖”ច្រកសមុទ្រ Hormuz ត្រូវបានបិទ។ ហើយប្រសិនបើនាវាណាមួយព្យាយាមឆ្លងកាត់ នោះកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងកងទ័ពជើងទឹក នឹងដុតកប៉ាល់ទាំងនោះចោលទាំងអស់។

យ៉ាងណាមិញ បើយោងតាមលោក John Phillips អ្នកជំនាញផ្នែកសន្តិសុខ និងហានិភ័យសកលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ការគំរាមកំហែងរបស់អ៊ីរ៉ង់ អាចបិទច្រកសមុទ្រថាមពលនេះទាំងស្រុង ដែលបង្កើតជាសម្ពាធនយោបាយ និងសេដ្ឋកិច្ចយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា។

គួរឲ្យដឹងថាច្រកសមុទ្រ Hormuz ដែលមានមានព្រំប្រទល់ជាប់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ គឺជាចំណុចសំខាន់មួយក្នុងការជួញដូរប្រេងសកល។ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវប្រមាណ ២០% របស់ពិភពលោកត្រូវបានដឹកជញ្ជូនពីប្រទេសមហាអំណាចប្រេងនៅឈូងសមុទ្រតាមរយៈច្រកសមុទ្រនេះ សម្រាប់នាំចេញទូទាំងពិភពលោក។

ជម្រាបជូនថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងធំជាងគេទីបីនៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) ដោយផ្គត់ផ្គង់ប្រហែល ៤,៥% នៃការផ្គត់ផ្គង់សកល។ទិន្នផលរបស់ប្រេងរបស់ប្រទេសនេះ មានប្រហែល ៣,៣ លានបារ៉ែលក្នុងមួយថ្ងៃ រួមជាមួយនឹង ១,៣ លានបារ៉ែលនៃប្រេងខាប់ និងឥន្ធនៈរាវផ្សេងទៀត៕​