គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួម «វេទិកា និងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជាក្នុងវិស័យឱសថ ក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា»

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នាសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមជាមួយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួម «វេទិកា និងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជាក្នុងវិស័យឱសថ» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានិងជំនួបផ្គូផ្គងធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ក្នុងវិស័យឱសថដោយអ្នកចូលរួមក្នុងវេទិកានេះសុទ្ធសឹងជាជាធុរជន វិនិយោគិន និងភាគីពាក់ព័ន្ធអញ្ជើញមកពីវិស័យសុខាភិបាល វេជ្ជសាស្ត្រ និងឱសថ ដើម្បីកសាងបណ្ដាញទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសក្នុងការចាប់ដៃគូគ្នាទៅវិញទៅមក។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ធុរកិច្ចនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា (Pharmaceutical Export Promotion Council of India – Pharmexcil)  ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមប្រឹក្សា Pharmexcil បានដឹកនាំគណៈប្រតិភូឥណ្ឌាចំនួន ៩៩រូប មកពី ៦៨ក្រុមហ៊ុន ដើម្បីស្វែងរកដៃគូធុរកិច្ច និងវិនិយោគិននៅកម្ពុជាដោយផ្ដោតជាចម្បងលើវិស័យឱសថ។