នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំ អ្នកឧកញ៉ា ឧកញ៉ាៗ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ឧកញ៉ាៗ ដែលអញ្ជើញចូលរួម រួមមាន អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ភួ វាសនា, អ្នកឧកញ៉ា អុឹង សែ, អ្នកឧកញ៉ា សុខ សុភាព, ឧកញ៉ា គួច ផេង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា ងួន ម៉េងតិច, ឧកញ៉ា ហ៊ួត ឈឿន, ឧកញ៉ា ហាក់ សុវណ្ណ, ឧកញ៉ា អ៊ុន វុទ្ធី, ឧកញ៉ា ឡេង សុខគា, ឧកញ៉ា កែវ ចំរើន និងឧកញ៉ា នួន ពេជ្រសុផល។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លឹម ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោកជំទាវរដ្ឋមន្រ្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ាអនុប្រធាន បានរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់សភាពាណិជ្ជកម្មកម្ពុជា គោរពជូនលោកជំទាវរដ្ឋមន្ត្រី ដើម្បីជ្រាប។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើលទ្ធផលការងារនិងតួនាទីរបស់សភាពាណិជ្ជកម្មក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស នឹងបន្តគាំទ្រសភាពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវទិសដៅការងារ និងសមិទ្ធផលបន្ថែមទៀត៕




















