លោក ត្រាំ ថាអាមេរិកអាចកម្ទេចស្ពាន និងរោងចក្រថាមពលអ៊ីរ៉ង់ទាំងអស់ ដោយប្រើពេលត្រឹម ៤ម៉ោង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក មានគម្រោងបំផ្លាញស្ពាន និងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេលបួនម៉ោង ប្រសិនបើទីក្រុងតេអេរ៉ង់ មិនអនុវត្តតាមកាលកំណត់ ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៦ ខែមេសាថា ៖”យើងមានផែនការមួយ ដោយផ្អែកលើអំណាចយោធាអាមេរិក ដែលថាស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបំផ្លាញមុនម៉ោង ១២យប់ស្អែក។ រោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបិទ ឆេះ ផ្ទុះ ហើយមិនអាចដំណើរការបានទៀតទេ។ ខ្ញុំចង់មានន័យថា វានឹងត្រូវបានបំផ្លាញទាំងស្រុង នៅមុនម៉ោង ១២យប់។ យើងអាចធ្វើវាបានក្នុងរយៈពេលត្រឹមតែបួនម៉ោងប៉ុណ្ណោះ ប្រសិនបើយើងចង់”។

មេដឹកនាំសហរដ្ឋអាមេរិក ក៏បានព្រមានអំពីការបំផ្លាញទាំងស្រុងទៅលើប្រទេសអ៊ីរ៉ង់ ផងដែរ ប្រសិនបើពួកគេមិនបានបំពេញតាមកាលកំណត់ដែលលោក បានប្រកាសឲ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅក្នុងរយៈពេល ៤៨ម៉ោងទេនោះ។

តែទោះជាយ៉ាងណាក៏ដោយ បញ្ជាការកណ្តាល Khatam al-Anbiya ដែលជា ទីស្នាក់ការកណ្តាលកំពូលនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃដដែលនោះថា ការគំរាមកំហែងដែលគ្មានមូលដ្ឋានរបស់លោក ត្រាំ នឹងមិនប៉ះពាល់ដល់ទឹកចិត្ត ឬប្រតិបត្តិការរបស់ទាហានខ្លួននោះឡើយ។ ហើយអ៊ីរ៉ង់ នឹងបន្តបើកប្រតិបត្តិការវាយលុកដ៏លើសលប់របស់ខ្លួនប្រឆាំងនឹងសត្រូវ ដូចជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ជម្រាបជូនថា អ៊ីរ៉ង់ស្ទើរតែបានបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសមុទ្រដ៏សំខាន់មួយដែលដឹកជញ្ជូនប្រេង ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេ នៅថ្ងៃទី២៨ ខែកុម្ភៈមក៕