អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជា​ឆ្នាំ២០២៦»

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់​តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្ម​កម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, វិនិយោគិនពីផ្នែកឯកជន និងអ្នកសារព័ត៌មាន​ជាច្រើនរូប។

វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ជាវេទិកាកម្រិតខ្ពស់មួយ ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំដំបូង ក្រោមការឯកភាព​និងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ក្នុងគោលបំណងបញ្ជ្រាបនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួល​វិនិយោគនានា​ជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុង​ធ្វើប្រតិបត្តិការវិនិយោគ​នៅកម្ពុជាស្រាប់។

មួយវិញទៀតស្របពេលដែលបរិការណ៍សកលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ វេទិកានេះនឹងដើរតួនាទី ជាយន្តការចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងអនុសាសន៍ ហើយក៏ជាយន្តការបង្កើតនូវបណ្តាញ​ទំនាក់ទំនង​ធុរកិច្ច ក៏ដូចជាការស្វែងរក និងចាប់យកកាលានុវត្តភាពវិនិយោគ រួមបញ្ចូលទាំងការពង្រីកគម្រោង​វិនិយោគ និងការចាប់ដៃគូវិនិយោគលើសកម្មភាពថ្មីៗ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា តួអង្គសំខាន់មិនអាចខ្វះបានសម្រាប់វេទិកាវិនិយោគនាថ្ងៃនេះ គឺវិស័យឯកជន ពោលគឺធុរជន និងវិនិយោគិន ដែលរាជរដ្ឋាភិបាលតែងចាត់ទុកជាក្បាលម៉ាស៊ីន​នៃកំណើន​សេដ្ឋកិច្ច ដូច្នេះការគិតគូរនិងជំរុញការអភិវឌ្ឍវិស័យឯកជន តែងជាកិច្ចការអាទិភាពមួយក្នុងរបៀបវារៈអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តធ្វើកំណែទម្រង់នានា តាមរយៈ​ការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែនទីបង្ហាញផ្លូវ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និង​វិនិយោគិន​អាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា ក.អ.ក. បាននិងកំពុងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ព្រមទាំងបានបង្កើត​សេវាសាធារណៈឱ្យកាន់តែកៀកវិនិយោគិន ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ។ មួយវិញទៀត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និង​សេវាថែទាំវិនិយោគ ក.អ.ក. ក៏បានបង្កើតក្រុមការងារសហបង្កើតធុរកិច្ច និងគម្រោងរៀបចំហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្ត​នានានៅទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង ដើម្បីអនុញ្ញាតឱ្យវិនិយោគិនអាចអញ្ជើញមកទទួលយកសេវា និងព័ត៌មាន​វិនិយោគជាទីគាប់ចិត្ត ព្រមទាំងកិច្ចសម្របសម្រួលនានាប្រកបដោយផាសុកភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ កិច្ចការនេះស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុតទីបំផុត របស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវ​បរិយាកាស​វិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ ដែលនេះគឺជា​អាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងមុតមាំដល់អង្គពិធីទាំងមូល ជាពិសេស​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិនិយោគិនឯកជនទាំងអស់ សូមមេត្តាប្រើប្រាស់វេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុលផុសបំផុត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងអនុសាសន៍ដែលលើកឡើងក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃមិនអាចខ្វះបាន សម្រាប់​រាជរដ្ឋាភិបាលក្នុងការបន្តកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយភាពធន់ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចរួមគ្នានាពេលអនាគត។