យោងតាមសេតវិមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងចំណាប់អារម្មណ៍ក្នុងការទិញចូលប្រេងបន្ថែមទៀតពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bloomberg។

ក្នុងសេចក្តីសង្ខេបមួយរបស់សេតវិមាននៃកិច្ចពិភាក្សានៅថ្ងៃទី១៤ ខែឧសភា នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងចំណាប់អារម្មណ៍ក្នុងការទិញប្រេងអាមេរិកបន្ថែមទៀតពីប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។
តែទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ចិនស្តីពីកិច្ចប្រជុំនេះ មិនបាននិយាយអំពីប្រធានបទពាក់ព័ន្ធទៅនឹងប្រេងឡើយ បើទោះបីជាមេដឹកនាំទាំងពីរ បានពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ាក៏ដោយ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីផងដែរ។
គួរឲ្យដឹងថា ចិនគឺជាអ្នកនាំចូលប្រេងធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលជាអ្នកផ្គត់ផ្គង់សំខាន់របស់ពួកគេនោះទេ។ លំហូរប្រេងពីសហរដ្ឋអាមេរិក បានឡើងដល់កម្រិតកំពូលប្រហែល ៣៩៥,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២០ ដែលតិចជាង ៤% នៃការនាំចូលប្រេងឆៅសរុបរបស់ចិន។
នៅឆ្នាំ២០២៤ មុនពេលលោក ត្រាំ វិលត្រឡប់មកកាន់សេតវិមានវិញ ការនាំចូលបានធ្លាក់ចុះមកត្រឹមប្រហែល ១៩៣,០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារ។ ហើយចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥ ពាណិជ្ជករចិនបានឈប់ទិញប្រេងរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ពន្ធនាំចូល ២០% ដើម្បីសងសឹកចំពោះពន្ធរបស់លោក ត្រាំ។
ប៉ុន្តែទោះជាយ៉ាងណា សេតវិមានបានបញ្ជាក់ទៀតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានកិច្ចប្រជុំដ៏ល្អជាមួយលោកប្រធាន ស៊ី។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដូចជាការពង្រីកការចូលទៅកាន់ទីផ្សារចិនសម្រាប់អាជីវកម្មអាមេរិក និងការបង្កើនការវិនិយោគរបស់ចិន នៅក្នុងឧស្សាហកម្មអាមេរិក ដោយក្នុងនោះក៏រំពឹងថាមានពាក់ព័ន្ធលើវិស័យប្រេងផងដែរ៕

