អគ្គនាយកដ្ឋានពន្ធដារ បើកសិក្ខាសាលារយៈពេល ៥ថ្ងៃ ស្តីពីការស៊ើបអង្កេតបទល្មើសពន្ធដារ ហិរញ្ញវត្ថុ និងសម្អាតប្រាក់ ក្រោមគម្រោង MAP-TNC របស់រដ្ឋបាលពន្ធដារអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់។ សិក្ខាសាលានេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលពន្ធដារអូស្ត្រាលី (Australian Taxation Office) ក្រោមគម្រោង «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» (Mekong Australia Partnership on Transnational Crime -MAP-TNC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលពន្ធដារអូស្ត្រាលី បានគូសបញ្ជាក់អំពីការ ប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, បច្ចេកទេសស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់, កត្តាជំរុញឱ្យមានបទល្មើស ហិរញ្ញវត្ថុនិងនិន្នាការថ្មីៗ និងនីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ រួមទាំងកិច្ចពិភាក្សាករណីសិក្សាជាក់ស្តែងផងដែរ។

ជាមួយគ្នានេះ លោកស្រី Stephanie Chow លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានមតិចំណាប់អារម្មណ៍អំពីទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និង កម្ពុជា និងកិច្ចសហការក្នុងក្របខ័ណ្ឌក្រោម «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» ដែលផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់មកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ លើកិច្ចការងារស៊ើបអង្កេត និងបង្រ្កាបបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់។

លោកបណ្ឌិត ម៉ិញ បានកុសល ក៏បានរំលឹកអំពីសាវតារ កិច្ចដំណើរការ និងលទ្ធផលការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលសម្រេចបាននាពេលកន្លងមក និងបានលើកឡើងពីការផ្តល់កិច្ចសហការល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌, ស្ថាប័នអយ្យការ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាដើម។

គួរបញ្ជាក់ថា តាមរយៈការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញពីរដ្ឋបាលពន្ធដារអូស្ត្រាលី និងកិច្ចពិភាក្សាលើករណីសិក្សា (Case Studies) នៅក្នុងសិក្ខាសាលារយៈពេល៥ថ្ងៃនេះ លោកបណ្ឌិតសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត លើការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់ ដូចជា សញ្ញាណនៃបទល្មើស, ការក្លែងបន្លំ, កត្តាជំរុញឱ្យមានបទល្មើស, គោលការណ៍សកលទាំង ១០ របស់ OECD ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងហិរញ្ញវត្ថុ, ទិដ្ឋភាពទូទៅនិងអំណាចរបស់រដ្ឋបាលពន្ធដារអូស្ត្រាលី, ការប្រើប្រាស់ព័ត៌មានសម្ងាត់ហិរញ្ញវត្ថុ, កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, សេដ្ឋកិច្ចស្រមោល, បច្ចេកទេសស៊ើបអង្កេត, នីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបទពិសោធជាក់ស្តែងរបស់ប្រទេសអូស្រ្តាលី៕