អាមេរិក ស្នើដាក់ពន្ធថ្មី ១០-១២% លើប្រទេសរហូតដល់ ៦០ ជុំវិញការបង្ខិតបង្ខំកម្លាំងពលកម្ម

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ មិថុនា បានស្នើឲ្យមានការដាក់ពន្ធគយបន្ថែម ១០% ឬ ១២,៥% លើប្រទេសចំនួន៦០ ជុំវិញពិភពលោក ក្រោយកំណត់ឃើញថាប្រទេសទាំងនោះបានបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលផលិតដោយការបង្ខិតបង្ខំលើកម្លាំងពលកម្ម និងធ្វើឲ្យខូចខាតដល់ពាណិជ្ជកម្មរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ចេញសំណើនេះឡើង បន្ទាប់ពីមានការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដោយផ្អែកលើមាត្រា ៣០១។

មិនតែប៉ុណ្ណោះ សំណើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ដែលកំពុងស្វែងរកការដាក់ចេញឡើងវិញនៃពន្ធគយបន្ទាន់របស់ខ្លួន បន្ទាប់ពីត្រូវបានលុបចោលដោយតុលាការកំពូលសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ។

USTR បាននិយាយថា ខ្លួនបានកំណត់ដាក់ពន្ធ ១០% ទាក់ទងនឹងការស៊ើបអង្កេតកម្លាំងពលកម្មដោយបង្ខំលើការនាំចូលពីប្រទេសកាណាដា អេក្វាឌ័រ សហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ម៉ាឡេស៊ី តៃវ៉ាន់ និងអង់គ្លេស។

ទីភ្នាក់ងារពាណិជ្ជកម្មដដែលបាននិយាយទៀតថា ខ្លួននឹងដាក់ពន្ធបន្ថែមចំនួន ១២,៥% ​​លើប្រទេសចំនួន ៤៥ ផ្សេងទៀត ដែលបានស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការបង្ខិតបង្ខំកម្លាំងពលកម្មដូចគ្នានេះ។

គួរជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើងមុនពេលផុតកំណត់នៅថ្ងៃទី២៤ ខែកក្កដានៃពន្ធបណ្ដោះអាសន្ន ១០% ដែលដាក់ដោយរដ្ឋបាលលោក ត្រាំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ជាថ្ងៃដែលតុលាការកំពូលបានលុបចោលពន្ធគយរបស់ប្រធានាធិបតីអាមេរិក ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ៕