ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមទំព័រហ្វេសប៊ុក ឯកឧត្តម ទ្រី ដាលុច បានឱ្យដឹងថា ស្ពាននេះមានបណ្ដោយ ១១៣ម ទទឹង ៦ម ដែលអាចទ្រទម្ងន់បាន ២៥ តោន គ្រោងចំណាយថវិកាអស់ ២២០.០០០ ដុល្លារអាមេរិក។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោកអ្នកឧកញ៉ា ទ្រី ភាព បញ្ហានៃការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ និងក្រៅឃុំនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ក្នុងឱកាសនេះ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយរបស់លោកអ្នកឧកញ៉ា ទ្រី ភាព មកចែកជូនដល់គណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជីលោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលកម្មវិធីនេះចំណាយថវិកាសរុបអស់ប្រមាណ ៣០.០០០.០០០ រៀល។







