ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) រវាងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) កាលពីថ្ងៃទី ២២ ខែមិថុនា ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និង អូស៊ីអាយស៊ី (OCIC) បានលើកឡើងពីការទទួលស្គាល់ពីស្ថាប័នអន្តរជាតិថ្មីៗ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលក្នុងនាមជាច្រកអន្តរជាតិរបស់រាជធានីភ្នំពេញ។

ថ្មីៗនេះផងដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦ ដោយ Prix Versailles ដែលបង្ហាញពីអត្តសញ្ញាណរចនាបថខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីក្នុងចំណោមគម្រោងអន្តរជាតិមកពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចិន និងឥណ្ឌា។
នៅដើមខែមិថុនានេះ «Skytrax» បានដាក់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាប់ថ្នាក់ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោកដោយបន្ថែមពីលើពានរង្វាន់លំដាប់អន្តរជាតិ តាមរយៈការវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធន៍របស់អតិថិជន។
អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ទទួលបានប្រកាសការប្តេជ្ញាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិកពី DFC របស់សហរដ្ឋអាមេរិកផងដែរ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តលើអាកាសយានដ្ឋាន និងសក្តានុពលអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានមានប្រសាសន៍៖ «សមិទ្ធផលទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញារបស់អ្នកទាំងអស់គ្នា ដែលបានចូលរួមនាំគម្រោងដ៏អស្ចារ្យនេះឲ្យក្លាយជាការពិត»។
OCIC និង DFC ក៏បានធ្វើការចុះហត្ថលេខាលើលិខិតសម្តែងបំណង នៅអគារ វិមាន កាណាឌីយ៉ា (Canadia Tower) ដែលជាព្រឹត្តិការណ៍សំខាន់មួយទៀត ខណៈពេលដែរអាកាសយានដ្ឋានកំពុងបន្តបម្រើជាច្រកទ្វារថ្មីរបស់កម្ពុជាទៅកាន់ពិភពលោក។

