លោក Michael Dell ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនប្រហែល ៧១ពាន់ាលនដុល្លារបន្ថែមទៀត គិតចាប់តាំងពីដើមឆ្នាំនេះមក ដោយសារតែទទួលបានផលចំណេញពីការវិនិយោគនៅក្នុងវិស័យ AI ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានបង្ហាញឲ្យដឹងថាលោក Michael ឥឡូវនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ២២១ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទីប្រាំរបស់ពិភពលោក។
ជុំវិញការកើនឡើងនេះ បានធ្វើឲ្យលោក Michael ក្លាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ផ្សេងទៀតដែលមានទ្រព្យសម្បត្តិកើនឡើងលើសពី ២០០ពាន់លានដុល្លារ ដោយចូលរួមជាមួយមហាសេដ្ឋី Elon Musk ប្រធានក្រុមហ៊ុន Tesla និង SpaceX លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon រួមទាំងលោក Larry Page និង Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google ផងដែរ។
គួរជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Michael Dell ត្រូវបានជំរុញដោយការកើនឡើងប្រហែល ២២៥% នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies នៅឆ្នាំនេះ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ប្រហែល ២៨១ពាន់លានដុល្លារ។ លោកមានភាគហ៊ុនសរុបប្រហែល ៤១% នៅក្នុងក្រុមហ៊ុន៕

