លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីលៀងសាយភោជន៍ក្នុងជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ (Networking Dinner CTM 2026) ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) រៀបចំកម្មវិធីជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ (Cambodia Travel Match 2026 Mini-Series) រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងយ៉ាងសំខាន់ក្នុងការជំរុញ និងទាក់ទាញវិនិយោគិន ផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនជំនឿទុកចិត្តលើវិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរឥណ្ឌាឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ បន្ថែមពីនេះ កម្មវិធីក៏បានបង្កើតឡើងដើម្បីផ្សារភ្ជាប់បណ្តាញទំនាក់ទំនងពាណិជ្ជកម្ម ដោយប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាសរុបចំនួន ៣៥ ក្រុមហ៊ុន ដើម្បីជួបពិភាក្សាដោះដូរពាណិជ្ជកម្មផ្ទាល់រវាងអ្នកលក់ (Sellers) នៅក្នុងស្រុក និងអ្នកទិញ (Buyers) មកពីប្រទេសឥណ្ឌា។

គួរឱ្យដឹងដែរថា ក្នុងរយៈពេល ៦យប់ ៧ថ្ងៃ នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គណៈប្រតិភូឥណ្ឌានឹងអញ្ជើញចូលរួមក្នុងសកម្មភាពចម្បងៗជាច្រើនដូចជា ១ ការចុះទស្សនកិច្ចវាយតម្លៃគោលដៅទេសចរណ៍ ២ ជំនួបពាណិជ្ជកម្មទល់មុខ (B2B) ៣ កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ៤ ពិព័រណ៍ផលិតផលទេសចរណ៍ ៥ ការដកស្រង់បទពិសោធន៍ វប្បធម៌ និងប្រវត្តិសាស្ត្រនៅតាមគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះរ៉ុង ផងដែរ៕

