ការរីកចម្រើនខ្លាំងនៃការនាំចេញឧបករណ៍អេឡិចត្រូនិក បានជួយជំរុញឲ្យផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងកើនឡើងជិត ៤% នៅក្នុងត្រីមាសទីពីរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៣ ខែកក្កដា ធនាគារកណ្តាលកូរ៉េបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសខ្លួនបានកើនឡើង ៣,៧% នៅក្នុងត្រីមាសទីពីរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើនេះ គឺលើសពីការព្យាករពីមុនរបស់ក្រុមអ្នកវិភាគ។
យ៉ាងណាមិញ ការកើនឡើងនៃការនាំចេញឧបករណ៍អេឡិចត្រូនិក បានទូទាត់សងសម្រាប់ការធ្លាក់ចុះនៃការវិនិយោគលើការសាងសង់។ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ១,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយកំណើនយ៉ាងខ្លាំងនៃឧបករណ៍អេឡិចត្រូនិក គ្រឿងចក្រ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។
គួរឲ្យដឹងថា ឧស្សាហកម្មបន្ទះឈីបរបស់កូរ៉េងត្បូង កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារភាពពេញនិយមនៃបច្ចេកវិទ្យា AI ទូទាំងពិភពលោក។ នៅក្នុងខែឧសភា ក្រុមហ៊ុន Samsung និង SK Hynix ទាំងពីរបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូនធនទីផ្សារកើនឡើងដល់រាប់ពាន់លានដុល្លារ។ SK Hynix គឺជាក្រុមហ៊ុនដែលផ្តោតលើបន្ទះឈីបអង្គចងចាំ ខណៈពេលដែលក្រុមហ៊ុន Samsung ផលិតបន្ទះឈីបឡូជីខល និងគ្រឿងអេឡិចត្រូនិចប្រើប្រាស់ផ្សេងទៀតដូចជាស្មាតហ្វូន និងទូរទស្សន៍ជាដើម។
ជម្រាបជូនថាការនាំចេញបន្ទះឈីបត្រូវបានគេរំពឹងថានឹងបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត បន្ទាប់ពីក្រុមមន្ត្រីបានដំឡើងអត្រាការប្រាក់គោលដល់ ០,២៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣,៥ឆ្នាំចុងក្រោយ។ មន្ត្រីធនាគារកូរ៉េ (BOK) ម្នាក់ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រសិនបើអត្រាកំណើនជាមធ្យមប្រចាំត្រីមាសនៅឆមាសទីពីរនៃឆ្នាំនេះលើសពី -០,១% នោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំទាំងមូលអាចឡើងដល់ ៣% ៕

