ចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល ១៤ឆ្នាំជាប់ៗគ្នាមកហើយ ខណៈជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានកើនឡើងរហូតជាង ២៥%ផងដែរ។ នេះបើតាមការឱ្យដឹងពីសំណាក់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅក្នុងឱកាសពិធី«អបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ «យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន» កាលពីចុងសប្តាហ៍។

នាឱកាសនោះ លោក Wang Wenbin បានឱ្យដឹងថា៖ «ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល ១៤ ឆ្នាំជាប់ៗគ្នាមកហើយ។ នៅក្នុងឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង ២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ លោកថា ផលិតផលកសិកម្ម និងផលិតផលពិសេសៗដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា ទុរេន មៀនក្រៀម និងខ្នុរ ជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។

ជាថ្មីម្តងទៀត លោក Wang Wenbin បានបង្ហាញការជឿជាក់ថា យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន នឹងដើរតួនាទីយ៉ាងសកម្មក្នុងទំនាក់ទំនងជាប្រចាំ រវាងសហគ្រាសចិន និងគយកម្ពុជា ដែលនឹងជួយលើកកម្ពស់កម្រិតភាពងាយសម្រួលនៃពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកធំធាត់ និងមានគុណភាពខ្ពស់ឡើង»។

សូមជម្រាបដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ជាង ១១ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ទំនិញនាំចូលពីចិន៖ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច សម្ភារៈសំណង់ និងវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកម្មន្តសាល។ទំនិញនាំចេញទៅចិន មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងគ្រឿងសង្ហារឹម៕ អត្ថបទ៖ហ្សាលីន

