គិតត្រឹមពាក់កណ្តាលខែកក្កដា អាជីវកម្មវៀតណាមបានចំណាយទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីឆៅ ដែលភាគច្រើនមកពីប្រទេសកម្ពុជា នេះជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមស្ថិតិពីនាយកដ្ឋានគយ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន ១,៨១ លានតោន ដែលមានតម្លសរុប ៣,០២៤ពាន់លានដុល្លារ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណនាំចូលបានកើនឡើង ៤% និងតម្លៃកើនឡើង ១២,៣%។
កម្ពុជានៅតែជាប្រភពនាំចូលគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់វៀតណាម ដែលក្នុងនោះមានចំនួន ៥៤,២% នៃបរិមាណសរុប និង ៥៦,៣% នៃតម្លៃនាំចូលសរុប។ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីចំនួន ៩៨០ ៧០០ តោនពីទីផ្សារនេះ ដែលមានតម្លៃជាង ១,៧ពាន់លានដុល្លារ កើនឡើង ១០,៣% នៃបរិមាណ និង ២៥,៩% នៃតម្លៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីកម្ពុជា វៀតណាមក៏នាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសអាហ្វ្រិកជាច្រើនដូចជា កូតឌីវ័រ តង់ហ្សានី និងនីហ្សេរីយ៉ាផងដែរ។
គួរជម្រាបជូនថា បច្ចុប្បន្នវៀតណាម គឺជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេបំផុតរបស់ពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ប្រភពវត្ថុធាតុដើមក្នុងស្រុកបំពេញបានតែផ្នែកមួយនៃតម្រូវការកែច្នៃប៉ុណ្ណោះ ដែលបង្ខំឱ្យអាជីវកម្មនានាត្រូវនាំចូលគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនបន្ថែមទៀត៕

