លោកជំទាវ ស៊ីន សុផលដានីតា ត្រូវបានតែងតាំងជា នាយិការងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

សង្គម​ និង​សេដ្ឋកិច្ច

បណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេច​តែងតាំង លោកជំទាវ ស៊ីន សុផលដានីតា ជានាយិការងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ​អាហារូបករណ៍ ទំនាក់ទំនងការងារនិស្សិត និងស្វែងរកជំនួយឧបត្ថម្ភគាំទ្រនិស្សិតអាហារូបករណ៍ក្រីក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលបានការតែងតាំងនេះ លោកជំទាវ ស៊ីន សុផលដានីតា បានបង្ហោះសារថ្លែងអំណរគុណបែបនេះថា៖ “នាងខ្ញុំ ស៊ីន សុផលដានីតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមនាយក ថ្នាក់ដឹកនាំ សហការី ដែលបានផ្តល់សេចក្តីទុកចិត្ត និងកិត្តិយស តែងតាំងរូបខ្ញុំជានាយិការង នៃ (វិទ្យាស្ថានខ្មែរជំនាន់ថ្មី)។ នាងខ្ញុំនឹង​ខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងអស់ពីសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍ​ស្ថាប័ន និងយុវជនសិស្សនិស្សិត ឱ្យកាន់តែរីកចម្រើន។ សូមគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ការជឿ​ទុកចិត្តមកលើនាងខ្ញុំ ដោយក្តីគោរពអំពីនាងខ្ញុំ”។

លោកជំទាវ ស៊ីន សុផលដានីតា ជាម្ចាស់ហាងសេវាកម្មរៀបចំកម្មវិធី អិន អេន អិន (N&N) និងជា​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​មួយ​រូប​នៅ​ខេត្ត​កំពង់ស្ពឺ។ លោកជំទាវវ័យក្មេង​រូប​នេះ​ ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​លើ​ជំនាញ​ច្បាប់ ​​​​​នៅ​វិទ្យាស្ថានខ្មែរជំនាន់ថ្មី និង​​ទទួល​សញ្ញាបត្រ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពី​​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៣​។

សូមជម្រាបថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយ ដែលត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។ វិទ្យាស្ថាននេះស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិតចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ជាពិសេស វិទ្យាស្ថាននេះបានជួយបណ្តុះបណ្តាលនិស្សិតក្រីក្រជាច្រើន តាមរយៈអាហារូបករណ៍ សសយក.រាជធានីភ្នំពេញ និងអាហារូបករណ៍របស់ថ្នាក់ដឹកនាំផ្សេងៗផងដែរ៕