ប្រាក់បៀវត្សរ៍រដ្ឋមន្ត្រីក្នុងប្រទេសសិង្ហបុរី ដែលស្ថិតក្នុងចំណោមប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងពិភពលោកស្រាប់ទៅហើយនោះ នឹងបន្តកើនឡើងបន្ថែមទៀតចាប់ពីថ្ងៃទី១៥ ខែតុលា ដែលវានឹងធ្វើឱ្យប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋដែនកោះមួយនេះ កើនឡើង ៦៤% រហូតដល់ ៣,៦លានដុល្លារសិង្ហបុរី (ឬប្រមាណ ២,៨៥លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានបំផុតលំដាប់ទីពីរក្នុងពិភពលោកផ្អែកលើ ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ បន្ទាប់ពីប្រទេសស្វីស បានផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់បំផុតដល់ថ្នាក់ដឹកនាំនយោបាយរបស់ខ្លួន ដើម្បីទាក់ទាញបុគ្គលិកដែលមានសមត្ថភាព និងទប់ស្កាត់អំពើពុករលួយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ បានក្លាយជាប្រធានបទដ៏រសើបមួយនៅក្នុងប្រទេស ដោយសារតែកម្មករទទួលបានប្រាក់ឈ្នួលជាមធ្យម ៥ ៧៧៥ដុល្លារសិង្ហបុរីក្នុងមួយខែ គិតក្នុងឆ្នាំ២០២៥ ដែលជាចំនួនខុសគ្នាឆ្ងាយបើធៀបទៅនឹងមន្ត្រី។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលស្គាល់ពីភាពរសើបនៃបញ្ហានេះ នៅក្នុងថ្លែងការណ៍មួយនៅឯសភា កាលពីថ្ងៃទី៨ កញ្ញា ដោយលោកបានលើកឡើងថា ប្រាក់បៀវត្សរ៍ផ្នែកនយោបាយគឺជាប្រធានបទដ៏លំបាក និងប៉ះពាល់ដល់អារម្មណ៍។
គួរឲ្យដឹងថា លោក Wong ដែលបច្ចុប្បន្នមានប្រាក់បៀវត្សរ៍ ១,១លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ នឹងទទួលបានប្រាក់បៀវត្សរ៍ថ្មីដែលអាចកើនឡើងរហូតដល់ ១,៨លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ អាស្រ័យលើសមត្ថភាពការងារ និងការទទួលខុសត្រូវ។
ជម្រាបជូនថា បើប្រៀបធៀប នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងក្លាយជាមេដឹកដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុត ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបានប្រាក់បៀវត្សរ៍ ២៣០ ០០០ដុល្លារ ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបាន ៤០០ ០០០ដុល្លារ៕

