ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ានឹងត្រូវបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិកធ្វើឡើងក្នុងខែវិច្ឆិកា ដោយសារតែអ៊ីរ៉ង់មិនអាចទ្រាំទ្របានទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា ក្នុងកម្មវិធីមួយថា៖”ខ្ញុំគិតថា ការប្រយុទ្ធគ្នានឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ព្រោះពួកគេមិនអាចទ្រាំទ្របានទៀតទេ។ ពួកគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីជះឥទ្ធិពលលើការបោះឆ្នោតរបស់យើង”។
មិនតែប៉ុណ្ណោះ មេសេតវិមានរូបនេះ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា បានព្យាយាមជះឥទ្ធិពលលើការបោះឆ្នោត ដើម្បីបញ្ចូលក្រុមមនុស្សដែលគ្មានសមត្ថភាព ទៅក្នុងសភាអាមេរិក ដើម្បីផ្តល់ឱកាសដល់ពួកគេអាចផលិតអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណាមិញ ការលើកឡើងរបស់លោក ត្រាំ នេះ ហាក់ដូចជាចង់សម្តៅលើសមាជិករបស់បក្សប្រជាធិបតេយ្យ។
គួរជម្រាបជូនផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាបានឈានចូលដល់ខែទី៧ ហើយ ហើយមិនទាន់មានសញ្ញាណាមួយបង្ហាញថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ ទោះបីជាការប្រកាសដំបូងរបស់ប្រធានាធិបតី ត្រាំ បានលើកឡើងថា ការប្រយុទ្ធគ្នានឹងអូសបន្លាយត្រឹមតែប៉ុន្មានសប្តាហ៍ក៏ដោយ។ កាលពីថ្ងៃទី៩ ខែកញ្ញា អ៊ីរ៉ង់បានអះអាងថា បានវាយប្រហារលើនាវាដឹកទំនិញចំនួន ១០ គ្រឿងនៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាដឹកប្រេងរបស់ខ្លួនចំនួន ៥គ្រឿង៕

