ប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្ថិសាស្រ្តដ៏ធំមួយរបស់ប្រទេសកម្ពុជា។

នេះបើយោតាម ជំនួបពិភាក្សាកាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រវាង លោក សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក ចំនួន ៧ ក្រុមហ៊ុន ក្រោមការសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះ លោក សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុនអាម៉េរិក និងបានគូសរំលេចអំពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជាដែលមានក្របខណ្ឌគតិយុត្តបើកចំហរ ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ការថែទាំ ផ្ដល់ការការពារដល់ការវិនិយោគដោយគ្មានការរើសអើង។

ជាក់ស្ដែង រដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការលើកឡើងនូវបញ្ហា និងសំណូមពរ តាមរយៈយន្តការមានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ជាដើម, ដើម្បីស្ដាប់នូវបញ្ហា និងសំណូមពរ របស់វិស័យឯកជន និងធ្វើការឆ្លើយតបដោះស្រាយជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ លោកថា កម្ពុជាបានបង្កើតទីផ្សារថ្មីៗនៅទូទាំងពិភពលោក តាមរយៈការចរចា និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្រិតទ្វេភាគី និងពហុភាគីជាដើម។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ដោយបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣។ ស្របគ្នានេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក បានយកឱកាសនេះសាកសួរ និងពិភាក្សាស៊ីជម្រៅទៅលើការលើកទឹកចិត្តដល់គម្រោងវិនិយោគនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ ប្រតិភូកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក នៃប្រទេសទាំងពីរ៕


