ផ្ទះដែលលោក ត្រាំ ធ្លាប់រស់នៅកាលពីក្មេងត្រូវបានដាក់លក់ក្នុងតម្លៃជិត ២លានដុល្លារ

អន្តរជាតិ

ផ្ទះកាលពីវ័យកុមារភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក ត្រូវបានជួសជុលឡើងវិញ និងលក់ចេញនៅក្នុងតម្លៃជិត ២លានដុល្លារ បន្ទាប់ពីផ្ទះនេះត្រូវបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ ធ្លាប់បានរស់នៅក្នុងផ្ទះមួយនេះ ដែលត្រូវបានរចនាឡើងតាមបែប Tudor ស្ថិតនៅតំបន់ Jamaica Estates ក្នុងសង្កាត់ Queens រហូតដល់លោកមានអាយុ ៤ឆ្នាំ។ឪពុករបស់លោក គឺ Fred Trump ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យ បានសាងសង់ផ្ទះនេះឡើងនៅឆ្នាំ១៩៤០ ប៉ុន្តែក្រោយមកគ្រួសារ ត្រាំ មិនបានកាន់កាប់អចលនទ្រព្យនេះទៀតទេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ព័ត៌មានអំពីការលក់ផ្ទះរបស់លោក ត្រាំ នេះ ត្រូវបានគេធ្វើបច្ចុប្បន្នភាពឡើងវិញ នៅក្នុងតម្លៃប្រមាណ ១,៩៣លានដុល្លារ ពោលគឺមានរយៈពេលជិត ២ខែបន្ទាប់ពីកិច្ចសន្យាមួយត្រូវបានចុះហត្ថលេខា។ ហើយក្នុងនោះដែរអត្តសញ្ញាណរបស់អ្នកទិញផ្ទះនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះឡើយ។

គួរឲ្យដឹងថា អ្នកលក់ផ្ទះនេះគឺលោក Tommy Lin ដែលជាសហគ្រិនផ្នែកអចលនទ្រព្យ ដែលបានទិញយកវានៅក្នុងតម្លៃ ៨៣៥ ០០០ដុល្លារកាលពីឆ្នាំមុន។ នៅពេលនោះ ផ្ទះនេះត្រូវបានគេបោះបង់ចោល និងមិនបានថែទាំអស់រយៈពេលជាច្រើនឆ្នាំ ដោយមានដុះព្រៃស្តុក និងក្លាយជាជម្រករបស់ហ្វូងឆ្មាអនាថាថែមទៀតផង។

យោងតាមកាសែត NYP លោក Lin បានចំណាយប្រាក់ផ្ទាល់ខ្លួនបន្ថែមចំនួន ៥០០ ០០០ដុល្លារទៀតលើគម្រោងជួសជុលរយៈពេល ៨ខែ។ បន្ទាប់មក ផ្ទះនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារថ្មីៗជាច្រើនដូចជា ផ្ទះបាយដែលមានស្តង់ដារសម្រាប់ចុងភៅអាជីព កម្រាលឈើប្រណីត និងបន្ទប់ទឹកបែបស្ប៉ាផងដែរ៕​