លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីចំនួនសរុប ២២ ៧៩៣ គ្រឿង។ ក្នុងនោះ រថយន្ត ១៦ ៩២៦គ្រឿង ទោចក្រយានយន្ត ៤ ៩៧៤គ្រឿង និងត្រីចក្រយានយន្ត ៨៩៣គ្រឿង។

លោក ផន រឹម បន្តថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី ហើយរាជរដ្ឋាភិបាលបានផ្តល់ជម្រើសសំបូរបែបសម្រាប់ប្រជាពលរដ្ឋ។

បើតាម លោក ផន រឹម ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។


