ឯកឧត្តម ឧត្តមអគ្គានុរក្ស. ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានផ្ញើសារគោរពថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជួយចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិរដ្ឋ ចេញបណ្ណកម្មសិទ្ធិ មណ្ឌលអប់រំកែប្រែទី១ និងទី២ បានយ៉ាងឆាប់រហ័ស។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកញ្ញា ឯកឧត្តម នុត សវនា បានលើកឡើងបែបនេះថា៖ “មណ្ឌលអប់រំកែប្រែទី១ និងទី២ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ ដែលបានជួយសម្រួលការរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ និងធ្វើប័ណ្ណកម្មសិទ្ធ អង្គភាព ម១ ម២ បានយ៉ាងឆាប់រហ័ស និងដោយក្តីសោមនស្ស រួមចំណែកក្នុងការថែរក្សា ការពារទ្រព្យសម្បត្តិសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព”។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជនីភ្នំពេញ ឯកឧត្តម ឧត្តមអគ្គានុរក្ស. ១ នុត សវនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអញ្ជើញដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំសំណេះសំណាល និងទទួលប័ណ្ណសំគាល់អចលនវត្ថុប្លង់រឹង សម្រាប់មណ្ឌលអប់រំកែប្រែ (ទី១ ទី២ និងទី៥)។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមប្រធានមណ្ឌល សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ ក្រសួង ព្រមទាំងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជនីភ្នំពេញ ក៏ដូចជាភាគីពាក់ព័ន្ធ ដែលបានចូលរួមជួយសម្របសម្រួល ទាំងការចុះវ៉ាស់វែង ទាំងដំណើការរៀបចំឯកសារនានាបានរលូន និងចេញប័ណ្ណកម្មសិទ្ធិជូនមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងមណ្ឌលអប់រំកែប្រែទី៥ នាឱកាសពេលនេះ។ ការចេញប័ណ្ណកម្មសិទ្ធនេះ នឹងជួយដល់មណ្ឌលអប់រំកែប្រែទាំង៣ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនឱ្យមានការបាត់បង់ផងដែរ។









