ទំហំសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ធ្លាក់ចុះជាង ១០% ដោយសារសង្គ្រាមបន្តអូសបន្លាយ

អន្តរជាតិ

ទំហំសេដ្ឋកិច្ចរបស់ប្រទេសអ៉ីរ៉ង់ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេល ៣ខែដំបូង បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ មជ្ឈមណ្ឌលស្ថិតិអ៉ីរ៉ង់បានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានថយចុះ ១០,១% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងអំឡុងពេលចាប់ពីចុងខែមីនា ដល់ខែមិថុនា ដែលត្រូវនឹងត្រីមាសទី១ គិតនៅក្នុងប្រទេសអ៊ីរ៉ង់។

គួរឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់អ៉ីរ៉ង់បានថយចុះយ៉ាងខ្លាំង ចាប់តាំងពីមានការផ្ទុះអាវុធនៅមជ្ឈិមបូព៌ាក្នុងចុងខែកុម្ភៈមក។ ការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល បានរុញច្រានឱ្យទីក្រុងតេអេរ៉ង់ធ្វើការសងសឹក ដោយការបិទច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង។ បន្ទាប់មក ជម្លោះនេះបានរីករាលដាលដល់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

យ៉ាងណាមិញ ការធ្លាក់ចុះធំបំផុតនៅក្នុងត្រីមាសទីមួយ គឺបានកើនឡើងដោយសារការរុករក និងផលិតកម្មប្រេង រួមទាំងឧស្ម័ន ដែលបានធ្លាក់ចុះ ២៦,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យឧស្សាហកម្ម និងរ៉ែក៏បានថយចុះជិត ១៥% ផងដែរ។

ទន្ទឹមនឹងនេះ​ វិស័យសេវាកម្ម ដែលជាវិស័យរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចអ៉ីរ៉ង់ ក៏បានកត់ត្រានូវការធ្លាក់ចុះ ៤,៨% ដែរ។ តែទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្ម បានមើលឃើញពីការកើនឡើង ២,៣%។

ជម្រាបជូនថា មជ្ឈមណ្ឌលស្ថិតិអ៉ីរ៉ង់គ្រាន់តែបានបញ្ចេញតួលេខ ដោយមិនបានបញ្ជាក់ថាការធ្លាក់ចុះនេះគឺដោយសារតែការប្រយុទ្ធគ្នានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អំឡុងរយៈពេលចាប់ពីចុងខែមីនា ដល់ខែមិថុនា គឺត្រូវគ្នានឹងដំណាក់កាលដំបូងនៃជម្លោះមជ្ឈិមបូព៌ានោះតែម្តង។ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នាបានរំខានដល់វិស័យថាមពល ពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរបំផុត៕​