ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវព្រះរាជសារអញ្ជើញពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ឯកឧត្តមប្រធានាធិបតី Ilham Aliyev មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ ដើម្បីបន្តពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលមានភាពស្មុគស្មាញ អន្តរសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងប្រទេសនានាលើឆាកអន្តរជាតិកាន់តែមានសារៈសំខាន់ចាំបាច់។ កម្ពុជា និងអាស៊ែបៃហ្សង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដោយកន្លងមកកម្ពុជាតែងតែគាំទ្រអាស៊ែបៃហ្សង់ក្នុងឋានៈជាអ្នកសង្កេតការណ៍របស់អាស៊ាន។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលកន្លងមកបានជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានជូនពរ ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបានជោគជ័យក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល CICAផងដែរ៕

