កម្ពុជា-អាស៊ែបៃហ្សង់ នឹងរួមគ្នានេះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ចំនួន៧

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន តាមរយៈរួមគ្នានេះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ពិសេសលើវិស័យសំខាន់ៗ ចំនួន៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញារួមគ្នានេះ បានធ្វើឡើង កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

នាឱកាសបនោះ សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗចំនួន៧ រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ជុំវិញរឿងនេះ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្វាគមន៍វត្តមានរបស់សម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA នាពេលកន្លងមក។ លោកបន្ថែមថា វត្តមានរបស់សម្ដេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

សូមជម្រាប់ថា តាមរយៈជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន៕ អត្ថបទ៖ហ្សាលីន