កម្ពុជា និងអាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ស៊ីលខឹ រើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកំណត់វិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយូរអង្វែងរបស់អាល្លឺម៉ង់ តាមរយៈក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ អង្គការ GIZ និងកម្មវិធី GIZ FABRIC ក្នុងការកែលម្អស្តង់ដាការងារ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ លោក ហេង សួរ បានលើកឡើងពីបំណងពង្រីកកិច្ចសហប្រតិបត្តិការលើការបង្កើតឱកាសការងារនៅអាល្លឺម៉ង់សម្រាប់ពលករជំនាញកម្ពុជា ព្រមទាំងបានស្នើភាគីអាល្លឺម៉ង់គាំទ្រកម្ពុជាក្នុងការរៀបចំវេទិកា OECD នាខែមេសា ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ដំបូងគេដែលរៀបចំវេទិកានេះនៅក្រៅទីផ្សារអ្នកប្រើប្រាស់។

ជាការឆ្លើយតប លោកស្រី ស៊ីលខឹ រើហ្វើ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការរៀបចំវេទិកា OECD ព្រមទាំងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការជំរុញឱ្យមានដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់មកកាន់កម្ពុជា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕