ប្រយ័ត្នចាញ់បោក! ក្រសួងការងារបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ីឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីនេះ ក្រសួងបានក្រើនរំឭក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការផ្សព្វផ្សាយ ឬការដើរអូសទាញពីសំណាក់បុគ្គលណាមួយ ដែលអះអាងថាកំពុងជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ឬផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជាមុន។

ក្រសួងការងារបានសង្កត់ធ្ងន់ថា ចំពោះមុខនេះ រាល់ការផ្សព្វផ្សាយ ឬការចុះជ្រើសរើសមនុស្សចេញទៅធ្វើការនៅប្រទេសរុស្ស៊ី គឺជាទង្វើខុសច្បាប់។ ប្រសិនបើមានកិច្ចព្រមព្រៀង ឬយន្តការផ្លូវការណាមួយក្នុងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនាពេលអនាគត ក្រសួងនឹងជូនដំណឹងជាផ្លូវការជាសាធារណៈ។

ទន្ទឹមនឹងនេះ ក្នុងករណីសាធារណជនបានដឹង បានឮ ឬប្រទះឃើញសកម្មភាពខុសច្បាប់ទាំងនេះ សូមប្រញាប់រាយការណ៍ ឬជូនដំណឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចុះឃាត់ខ្លួន និងទប់ស្កាត់ទាន់ពេលវេលា។ ករណីមានការសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនងបានតាមរយៈប្រព័ន្ធទូរសព្ទ Hotline លេខ ១២៩៧។