ប្រធានរដ្ឋសភា៖ សភាឌីជីថល គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី បានលើកឡើងថា សភាឌីជីថលឬសភាអេឡិចត្រូនិក ជាការឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព ពិសេសសភាអេឡិចត្រូនិក ក៏បានលើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែល សម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament) នេះ មានសារៈសំខាន់ក្នុងការគាំទ្រដល់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មស្ថាប័ន។ ការអភិវឌ្ឍស្ថាប័នរដ្ឋសភាជាសភាឌីជីថល មិនត្រឹមតែជាការអនុវត្តឱ្យទាន់នូវចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើសមាហរណកម្មរដ្ឋសភាកម្ពុជា ជាមួយបណ្តាសភាក្នុងតំបន់និងអន្តរជាតិ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរបទពិសោធ ឯកសារយោងផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានទាន់ពេលវេលា។

សម្តេច ឃួន សុដារី បន្តថា សភាឌីជីថលឬសភាអេឡិចត្រូនិក ជាការឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការងារនីតិប្បញ្ញត្តិ។ ការធ្វើបរិវត្តកម្មនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់របាំងការិយាធិបតេយ្យ កាត់បន្ថយការប្រើប្រាស់ក្រដាស សន្សំសំចៃពេលវេលា ព្រមទាំងជាស្ពានតភ្ជាប់ប្រកបដោយនវានុវត្តន៍ក្នុងការធ្វើឱ្យស្ថាប័នសភាកាន់តែមានភាពរហ័សរហួន និងរស់រវើកក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ការធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថល បានចាប់ផ្តើមអនុវត្តនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនានា ដែលក្រុមការងារសម្រេចបានក្នុងការរៀបចំសភាអេឡិចត្រូនិក ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដើម្បីស្នើសុំមតិយោបល់ និងធាតុចូលបន្ថែមលើកិច្ចការដែលក្រុមការងារបានរៀបចំ សំដៅធ្វើឱ្យការកសាងសភាអេឡិចត្រូនិករបស់រដ្ឋសភាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់តំណាងរាស្ត្រ៕ អត្ថបទ៖ហ្សាលីន