ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងដឹកនាំក្រុមហ៊ុនសហគ្រាសប្រមាណ ៣០ ទៅស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅពន្លាជាតិកម្ពុជាដែលរៀបចំនៅប៉ារីស, សាធារណរដ្ឋបារាំងជាលើកដំបូង។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកស្រី បានជួបពិភាក្សាការងារជាមួយ លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅពន្លាជាតិកម្ពុជា ក្នុងឱកាសដែលលោកស្រី រដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris 2026។

នាឱកាសនោះ លោកស្រី បានស្វាគមន៍ លោករដ្ឋមន្ត្រីប្រតិភូ មកកាន់ពន្លាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ លោកស្រី បានជម្រាបជូនថា នេះគឺជាលើកដំបូង ដែលក្រសួងពាណិជ្ជកម្ម រៀបចំពន្លាជាតិកម្ពុជា និងសម្របសម្រួលនាំមកជាមួយនូវបណ្តាក្រុមហ៊ុន-សហគ្រាសកម្ពុជាចំនួនប្រមាណ ៣០ ក្រុមហ៊ុនមកចូលរួមតាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ បន្ថែមលើពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានក្រុមហ៊ុនសហគ្រាសនាំចេញអង្កររបស់កម្ពុជាចំនួន១២មកចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 ផងដែរ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានស្វាគមន៍គណៈប្រតិភូកម្ពុជា ក្នុងពិព័រណ៍ SIAL Paris 2026 និងបានបញ្ជាក់ថានឹងអាចពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើវិស័យសំខាន់ៗជាច្រើនទៀត។ លោក ក៏បានជម្រាបជូនអំពីសក្តានុពល ចំណុចពិសេសៗ របស់ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris ដែលជានិច្ចកាលទាក់ទាញក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណជិត ៨,០០០ អ្នកទស្សនា និងអ្នកបញ្ជាទិញសក្តានុពលប្រមាណ ២៨៥,០០០នាក់ មកពីជាង ១៣០ ប្រទេសជុំវិញពិភពលោក។
តាមរយៈជំនួបនេះ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការបន្តចូលរួមព្រឹត្តិការណ៍ SIAL Paris នេះ នៅឆ្នាំបន្តបន្ទាប់ ដើម្បីនាំមកនូវផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនទៀតមកតាំងបង្ហាញ និងផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕ហ្សាលីន

