គិតមកទល់ពេលនេះ ទុនបម្រុងមាសរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះ បានសម្រុកលក់ចេញមាស អស់រយៈពេល ១០ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kitco ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលរុស្ស៊ីកាលពីថ្ងៃទី២០ ខែតុលា បានបង្ហាញថា ស្ថាប័ននេះបានលក់ទុនបម្រុងមាសចំនួន ២០០ ០០០ អោន (ឬប្រហែល ៦,២ តោន) កាលពីខែកញ្ញា។ នេះគឺជាខែទី១០ជាប់ៗគ្នាហើយនៃការលក់ ដែលធ្វើឱ្យទុនបម្រុងថយចុះមកត្រឹម ៧២,៨ លានអោន ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីចុងឆ្នាំ២០១៩ មក។
គួរឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ធនាគារកណ្តាលរុស្ស៊ីបានលក់មាសសរុបចំនួន ២ លានអោន ឬស្មើនឹង ៦២ តោន។ នេះគឺជាការលក់ជាប់ៗគ្នាទ្រង់ទ្រាយធំបំផុតរបស់ស្ថាប័ននេះចាប់តាំងពីឆ្នាំ១៩៩៨ មក។ នេះបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នៅពេលនោះ ពួកគេបានលក់មាសរហូតដល់ ៣,៨ លានអោន ត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានបង្កើនទុនបម្រុងរបស់ខ្លួនឡើងវិញ ជាបន្តបន្ទាប់ ដោយបានបង្កើនការកាន់កាប់មាសឱ្យខ្ពស់ជាង ៥ ដងធៀបនឹងកម្រិតចុងទសវត្សឆ្នាំ១៩៩០។ ហើយគិតត្រឹមដើមឆ្នាំ២០២២ ប្រទេសនេះមានមាសប្រហែល ៧៤ លានអោន ឬស្មើនឹង ២ ៣០០ តោន ដែលឈរជាលេខ៥ ក្នុងពិភពលោកលើទុនបម្រុងមាស៕

