ថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា ជម្រុញយន្តការ «ច្រករបៀងមច្ឆា និងអង្ករ» ក្នុងសន្និសីទអន្តរជាតិធំមួយនៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

លោកហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក រ៉ានី វីរៈ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ គឺពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនៃសន្និសីទដែលបានប្រព្រឹត្តទៅក្រោមមូលបទ «សន្តិសុខស្បៀង និងការអភិវឌ្ឍរួមគ្នានៃកសិកម្មទំនើប» លោកអនុរដ្ឋលេខាធិការ បានឡើងចែករំលែកទស្សនៈយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់ដ៏វិសេសវិសាលនៃការរឹតបន្តឹង និងពង្រឹងសន្តិសុខស្បៀង។ ការលើកឡើងនេះ ធ្វើឡើងក្នុងបរិបទដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខខ្លាំងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាគ្រោះធម្មជាតិនានា ព្រមទាំងបានជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងស្អិតរមួតបន្ថែមទៀតរវាងបណ្តាប្រទេសអាស៊ាន និងចិន។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិនវិញ លោក ហុង ណារិត បានគូសបញ្ជាក់យ៉ាងច្បាស់ៗពីសារៈសំខាន់នៃការជម្រុញអនុវត្តយន្តការ «ច្រករបៀងមច្ឆា និងអង្ករ» ដោយយន្តការនេះធ្វើឡើងដោយប្រើប្រាស់សក្ដានុពល និងភាពខ្លាំងរបស់ប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ ការកែច្នៃកសិផល ព្រមទាំងការពង្រីកទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ទន្ទឹមនឹងការចូលរួមក្នុងសន្និសីទ លោកក៏បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរកសិកម្ម និងកិច្ចការជនបទខេត្តហឺណាន ក្នុងគោលបំណងពិភាក្សាស្វែងយល់ពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែទូលំទូលាយ ស្របតាមគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលបានលើកឡើងនៅក្នុងសន្និសីទ។

ជំនួបពិភាក្សាដ៏មានផ្លែផ្កានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបន្តពង្រឹងចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការរួមគ្នាជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។