អនុប្រធានាធិបតីឥណ្ឌូណេស៊ី ដាក់លិខិតសុំលាលែងចេញពីតំណែង

អន្តរជាតិ

លោក Gibran Rakabuming Raka អនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាកូនប្រុសរបស់អតីតប្រធានាធិបតី លោក Joko Widodo បានដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីមានរឿងចម្រូងចម្រាសជុំវិញកម្រិតវប្បធម៌ និងសញ្ញាបត្រសិក្សារបស់លោក ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antara ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ahmad Muzani ប្រធានមហាសន្និបាតប្រឹក្សាប្រជាជនឥណ្ឌូណេស៊ី (MPR) បានឱ្យដឹងថា លោកបានទទួលលិខិតលាលែងពីតំណែងនេះផ្ទាល់ពីលោក Gibran ក្នុងអំឡុងពេលជំនួបប្រហែល ២០នាទី នៅអគាររដ្ឋសភាក្នុងទីក្រុងហ្សាកាតា ដោយលោក Gibran បានស្នើសុំឱ្យសភាជួយពន្លឿនដំណើរការពិនិត្យមើលពាក្យសុំលាលែងពីតំណែងនេះ។ លោកក៏បានបញ្ជូនលិខិតស្រដៀងគ្នានេះជូនទៅកាន់ប្រធានាធិបតី លោក Prabowo Subianto ផងដែរ។

យោងតាមរដ្ឋធម្មនុញ្ញឥណ្ឌូណេស៊ី ប្រធានាធិបតី Prabowo មានពេល ១៤ថ្ងៃ បន្ទាប់ពីទទួលបានសំណើផ្លូវការ ដើម្បីស្នើឈ្មោះបេក្ខជនចំនួនពីររូប ហើយស្ថាប័ន MPR មានពេលយ៉ាងច្រើនបំផុត ៦០ថ្ងៃ ដើម្បីជ្រើសរើសអ្នកមកជំនួសតំណែងជាអនុប្រធានាធិបតីថ្មីបន្ទាប់។

ជុំវិញការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Gibran នេះ គឺដើម្បីជួយសម្រាលបន្ទុកដល់រដ្ឋបាលរបស់ប្រធានាធិបតី Prabowo និងទប់ស្កាត់ភាពវឹកវរនយោបាយអូសបន្លាយពេលយូរ។ ចំណែកឯអតីតប្រធានាធិបតី Joko Widodo បានសម្តែងការយល់ឃើញថា ការលាលែងពីតំណែងរបស់កូនប្រុសលោកនេះ គឺជារឿងធម្មតាប៉ុណ្ណោះ នៅក្នុងជីវិតនយោបាយ។

គួរជម្រាបជូនថា ភាពចម្រូងចម្រាសនេះកើតចេញពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលលោក Gibran បានដាក់ពាក្យចូលរួមបោះឆ្នោតកាលពីឆ្នាំ២០២៤ ដែលកាលពីខែមុន តុលាការកំពូលឥណ្ឌូណេស៊ីបានប្រកាសថាវាគ្មានសុពលភាព ខណៈពេលដែលសភាឥណ្ឌូណេស៊ីក៏កំពុងពិចារណាធ្វើការស៊ើបអង្កេតដើម្បីឆ្ពោះទៅរកការចោទប្រកាន់លោក Gibran ដើម្បីទម្លាក់ចេញពីតំណែងផងដែរ៕​