ក្រុមហ៊ុន លន ស៊ីធី របស់អ្នកឧកញ៉ា តុល លន និងលោកជំទាវ ហ៊ោ ខាន់ ឧបត្ថម្ភអណ្តូងទឹកស្អាត និងរួមគ្នាដាំផ្កាលម្អបរិវេណសាលាបឋមសិក្សា អូរត្រជាក់ចិត្ត ក្នុងស្រុកព្រៃនប់

ជុំវិញ​ឧកញ៉ា

(ខេត្តព្រះសីហនុ)៖ ក្នុងស្មារតីចែករំលែក និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសហគមន៍ ក្រុមហ៊ុន បុរី លន ស៊ីធី ក្រោមការផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា តុល លន និងលោកជំទាវ ហ៊ោ ខាន់ បានរៀបចំកម្មវិធីសប្បុរសធម៌ប្រគល់អណ្តូងទឹកស្អាត និងសកម្មភាពរួមគ្នាដាំផ្កាលម្អបរិវេណសាលា ជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា អូរត្រជាក់ចិត្ត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធ និងប្រគល់-ទទួលជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ លន ល័យហៀង នាយិកាក្រុមហ៊ុន លន ស៊ីធីគ្រុប ,លោកជំទាវ លន ល័យហេង នាយិកា បុរី លន ស៊ីធីឡូតធឺសសាណា, ឧកញ៉ា​ រុណ រដ្ឋា នាយកប្រតិបត្តិ បុរី លន ស៊ីធីឡូតធឺសស៊ី និង លោក ជំទាវ លន ល័យហួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ លន ល័យហៀង បានគូសបញ្ជាក់ថា ក្រៅពីការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយគុណភាព ក្រុមហ៊ុន លន ស៊ីធីគ្រុប តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារសង្គម (CSR) ជាពិសេសគឺការលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពរបស់កុមារនៅតាមទីជនបទ។ អណ្តូងទឹកស្អាតដែលបានសម្ពោធប្រគល់ជូននាពេលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ លើកកម្ពស់អនាម័យ និងកាត់បន្ថយបញ្ហាប្រឈមផ្នែកសុខភាពរបស់ក្មួយៗសិស្សានុសិស្ស។

ទន្ទឹមនឹងការផ្តល់ប្រភពទឹកស្អាត គណៈប្រតិភូក្រុមហ៊ុន លន ស៊ីធីគ្រុប ក៏បានដឹកនាំសកម្មភាពរួមគ្នាជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំផ្កា និងកូនឈើលម្អជុំវិញបរិវេណសាលា ដើម្បីបង្កើតបរិស្ថានបៃតង ស្រស់បំព្រង និងផ្តល់ជាម្លប់ដ៏ត្រជាក់សម្រាប់ការសិក្សា។ លោកជំទាវនាយិកា ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ និងរួមគ្នាថែរក្សាការពារអណ្តូងទឹក ក៏ដូចជាសួនផ្កាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍យូរអង្វែងដល់សាលារៀននិងសហគមន៍ទាំងមូល។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន បុរី លន ស៊ីធី ក៏បាននាំយកនូវអំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ រួមមាន កាបូប សៀវភៅ ប៊ិច ខ្មៅដៃ ទឹកដោះគោ នំចំណី សម្ភារៈក្មេងលេង និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សទាំង ២៩០ នាក់ ព្រមទាំងបានឧបត្ថម្ភបន្ថែមនូវថវិកា អង្ករ ទឹកសុទ្ធ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនដល់អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូផងដែរ។

ជាការឆ្លើយតប តំណាងអាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលាបឋមសិក្សា អូរត្រជាក់ចិត្ត បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ អ្នកឧកញ៉ា តុល លន, លោកជំទាវ ហ៊ោ ខាន់ ព្រមទាំង លោកជំទាវ លន ល័យហៀង និងក្រុមការងារក្រុមហ៊ុន បុរី លន ស៊ីធី ទាំងអស់ ដែលបាននាំមកនូវអំណោយដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់កុមារ និងសហគមន៍អូរត្រជាក់ចិត្តទាំងមូល៕