លោក ត្រាំ ធ្លាប់ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia មុនពេលមានការលុបច្បាប់រឹតបន្តឹងការលក់បន្ទះឈីប

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ត្រូវបានគេរាយការណ៍បានចាក់លុយវិនិយោគរាប់លានដុល្លារ ទៅក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia មុនពេលរដ្ឋបាលរបស់លោក បានសម្រេចលុបចោលច្បាប់មួយដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោក ត្រាំ បានលុបចោលបទប្បញ្ញត្តិរឹតបន្តឹងការនាំចេញបន្ទះឈីបមួយដែលដាក់ចេញដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ បទប្បញ្ញត្តិនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងឧស្សាហកម្មបន្ទះឈីបរបស់អាមេរិក និងការពារប្រទេសពីអ្វីដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់លោក ត្រាំ ដែលត្រូវបានស៊ើបដោយ DeKleptocracy បានរាយការណ៍ថា ប៉ុន្មានថ្ងៃមុនពេលបទប្បញ្ញត្តិនេះត្រូវបានលុបចោល លោក ត្រាំ បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលមានតម្លៃចន្លោះពី ១លានដុល្លារ ទៅ ៥លានដុល្លារ។ លោកក៏បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតផងដែរ រួមមាន Apple, Meta និង Microsoft ផងដែរ។

គួរជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងមក ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើប្រតិបត្តិការរាប់សិបដងពាក់ព័ន្ធនឹងភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Nvidia។ កាលពីខែកក្កដា សារព័ត៌មាន CNBC ក៏បានវិភាគឯកសាររបស់លោក និងបានរកឃើញថា ផលប័ត្រវិនិយោគរបស់លោក ត្រាំ បានផ្តោតយ៉ាងខ្លាំងទៅលើភាគហ៊ុននៅក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ពោលគឺមុនពេលដែលលោកបានពន្យារពេលការដាក់ពន្ធសងសឹកទៅលើប្រទេសនានា៕​