ក្រុមវិនិយោគិនថ្មីៗនេះ បាននាំគ្នាសម្រុកលក់ចេញភាគហ៊ុនរបស់ក្រុមហ៊ុនចិននានាដែលពាក់ព័ន្ធនឹងវិស័យ AI ដោយសារក្តីបារម្ភថា ការលាលែងពីតំណែងរបស់លោក Jensen Huang ជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia អាចនឹងធ្វើឱ្យគម្លាតបច្ចេកវិទ្យារវាងចិន និងសហរដ្ឋអាមេរិក កាន់តែធ្ងន់ធ្ងរឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទំនាក់ទំនងរបស់លោក Huang ជាមួយស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាចារកម្មចិន កំពុងគំរាមកំហែងធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ដែលកំពុងមានភាពតានតឹងស្រាប់នោះ កាន់តែយ៉ាប់យ៉ឺនថែមទៀត។ គួររំលឹកថា ប្រធានាធិបតីនៃប្រទេសទាំងពីរគ្រោងនឹងជួបគ្នានៅសប្តាហ៍ក្រោយ ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ APEC នៅទីក្រុង Shenzhen។
យ៉ាងណាមិញ រឿងអាស្រូវនេះក៏បង្កហានិភ័យដល់លទ្ធភាពរបស់ក្រុមហ៊ុនចិន ក្នុងការទទួលបានបន្ទះឈីបកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក និងការប្រើប្រាស់ Hardware របស់ចិននៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិកផងដែរ។
ជុំវិញបញ្ហានេះ បានបណ្តាលឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Z.AI ដែលជាក្រុមហ៊ុនអភិវឌ្ឍគំរូភាសា AI ឈានមុខគេមួយរបស់ចិន បានធ្លាក់ចុះជាង ១០% នៅទីផ្សារហុងកុង ខណៈពេលដែលក្រុមហ៊ុនគូប្រជែងគឺ MiniMax បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក Hardware ដូចជា Zhongji Innolight និង Eoptolink Technology ក៏បានធ្លាក់ចុះតម្លៃផងដែរ ស្របពេល Alibaba និង Tencent ដែលសុទ្ធតែបានវិនិយោគយ៉ាងច្រើននៅក្នុងអាជីវកម្មពាក់ព័ន្ធនឹង AI បានធ្លាក់ចុះប្រហែល ៣% រៀងៗខ្លួន៕

