Nvidia កំពុងទាក់ទងមេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយរូប ឲ្យមកជំនួសតំណែងរបស់លោក Huang

អន្តរជាតិ

ក្រុមហ៊ុន Nvidia បានទាក់ទងទៅកាន់លោក Rene Haas នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អង់គ្លេស Arm Holdings ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលមកកាន់តំណែងជានាយកប្រតិបត្តិ (CEO) បន្តពីលោក Jensen Huang។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jensen Huang បានចាកចេញពីតំណែងជា CEO របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការបែកធ្លាយព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍របស់លោក រួមទាំងករណីមួយដែលពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយចារកម្មចិន។ ព័ត៌មាននេះបានធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះធ្លាក់ចូលក្នុងវិបត្តិ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) ដែលលោកធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ។

យ៉ាងណាមិញ ក្រោយពីការចុះចេញពីតំណែងនេះ ឈ្មោះរបស់លោក Rene Haas ត្រូវបានក្រុមអ្នកវិភាគលើកឡើងជាបន្តបន្ទាប់ ដែលអាចនឹងជាបេក្ខភាពដ៏សក្តិសមបំផុត សម្រាប់តំណែងជា CEO ថ្មី។ លោក Haas ធ្លាប់ធ្វើការនៅ Nvidia អស់រយៈពេល ៧ឆ្នាំ ដោយបានឡើងកាន់តំណែងជាអនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅនៃផ្នែកផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន មុនពេលចូលរួមជាមួយក្រុមហ៊ុន Arm នៅឆ្នាំ២០១៣។

យោងតាមរបាយការណ៍របស់ FT បានបង្ហាញថា លោក Haas គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើនដែលកំពុងត្រូវបានពិចារណាសម្រាប់តំណែងនេះ។ តែទោះជាយ៉ាងណា មិនទាន់មានការធានាណាមួយថាលោកនឹងទទួលបានការផ្តល់ជូនតំណែងនេះ ឬយល់ព្រមទទួលយកតំណែងនេះនៅឡើយទេ។ បច្ចុប្បន្ន លោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia កំពុងបំពេញតួនាទីជានាយកប្រតិបត្តិបណ្តោះអាសន្ន៕