លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលស្វាគមន៍គណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ រោងចក្រនេះជាគម្រោងឈានមុខមួយនៃកិច្ចសហប្រតិបត្តិការកម្ពុជា–បារាំង ដែលកំពុងពង្រីកការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។


លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព គឺជាសេវាសាធារណៈដ៏ចាំបាច់សម្រាប់ការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់អនាម័យ។ សេវានេះក៏ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនឧស្សាហកម្មផងដែរ។ ខណៈដែលរាជធានីភ្នំពេញកំពុងរីកចម្រើន រោងចក្រ សហគ្រាស និងអាជីវកម្មនានា ត្រូវការទឹកស្អាតដើម្បីរក្សាដំណើរការផលិតកម្ម និងអាជីវកម្ម ព្រមទាំងវិនិយោគ និងពង្រីកប្រតិបត្តិការ។”

លោក Tristan-Aurel Mouline អគ្គនាយករងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានលើកឡើងថា៖ “បាក់ខែងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំងអាចសម្រេចបានរួមគ្នាក្នុងវិស័យទឹកស្អាត។ យើងមានមោទនភាពចំពោះសមិទ្ធផលនេះសម្រាប់រាជធានីភ្នំពេញ ហើយយើងចង់បន្តការងារនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើន នៅតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា អាចទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព។”

គួរបញ្ជាក់ថា រោងចក្រទឹកស្អាតបាក់ខែងគឺជារោងចក្រទឹកស្អាតធំបំផុតរបស់កម្ពុជា។ ការសាងសង់រោងចក្រនេះមានបីដំណាក់កាល ដែលមានតម្លៃសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីភាគីបារាំងតាមរយៈ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ដំណាក់កាលទី១ និងទី២ ត្រូវបានបញ្ជប់ និងកំពុងដំណើរការរួចហើយ ខណៈដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ ដែលនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ឬជិតពាក់កណ្តាលនៃសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕




