ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នា ក្នុងការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អឱ្យកាន់តែរឹងមាំ តម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ។នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភាឡាវ និងលោក ជិន ថាញ់មិន ( Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាប្រទេសទាំងបី បានប្តេជ្ញារួមគ្នា ក្នុងការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អ បន្តពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពីជំនាន់មួយទៅជំនាន់មួយ ក្រោមពាក្យស្លោកតភ្ជាប់យុវជន និងភាពជាអ្នកដឹកនាំ។ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យា ដើម្បីលើកម្ពស់ ផលប្រយោជន៍ប្រជាពលរដ្ឋ។ ទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងបីមិនត្រឹមផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសនោះទេ តែបានផ្តល់ផលប្រយោជន៍ដល់តំបន់និងសកលលោក ផងដែរ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងបី បានវាយតម្លៃខ្ពស់ចំពោះប្រពៃណីដ៏ល្អប្រពៃ ដែលបានរួមគ្នាបង្កើតឡើង ក្នុងការឆ្លៀតគ្រប់ឱកាសដើម្បីជួបពិភាក្សាការងារជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងនៅគ្រប់វេទិកាពហុភាគីនានា គឺជាសក្ខីភាពដ៏រស់រវើកនៃទំនុកចិត្តនយោបាយ និងចំណងមិត្តភាពជាបងប្អូន ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសនាឱកាសនេះ ក្នុងក្របខ័ណ្ឌរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។

ជាមួយគ្នានេះ សភាប្រទេសទាំងបី ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ការជួបប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងការជួបពិភាក្សាការងារឱ្យបានញឹកញាប់ គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រ។ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា កិច្ចសន្ទនាដោយភាពស្មោះត្រង់ និងទៀងទាត់រវាងយើងទាំងបី គឺជាការធានាដ៏រឹងមាំបំផុត សម្រាប់ការបន្តកសាងបន្ថែមទៀតនូវជំនឿទុកចិត្ត ការយោគយល់នយោបាយ ការលើកកម្ពស់មិត្តភាពជាប្រពៃណី និងការពង្រឹងសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អឱ្យកាន់តែស៊ីជម្រៅ៕ អត្ថបទ៖ហ្សាលីន


