អ្នកឧកញ៉ា គិត ម៉េង ណែនាំរឿង១០យ៉ាងដែលគ្រប់គ្នាគួរចងចាំ ព្រោះយើងមិនដឹងទេថាពេលវេលាទាំងនោះ​ជាលើកចុងក្រោយរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានណែនាំ​រឿងចំនួន ១០យ៉ាង ដែលគ្រប់គ្នាគួរចងចាំ ព្រោះយើងមិនដឹងទេថាពេលវេលាទាំងនោះ​គឺជាពេលវេលា​លើកចុង​ក្រោយរបស់ខ្លួននោះទេ។ ដូច្នេះការកសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា គឺជារឿងសំខាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា ថ្ងៃណាមួយ អ្នកនឹងទទួលទាន​អាហារជាមួយនរណាម្នាក់ជាលើកចុងក្រោយ។ អ្នកនឹងមានការជួបជុំគ្រួសារជាលើកចុងក្រោយ។ អ្នកនឹងមាន​ការសន្ទនាជាលើកចុងក្រោយជាមួយមិត្តភក្តិ។ អ្នកនឹងចំណាយពេលមួយថ្ងៃដ៏សាមញ្ញ នៅកន្លែងដែល​អ្នកស្រឡាញ់ ដោយមិនដឹងថានោះជាលើកចុងក្រោយទ្បើយ។

អ្នកឧកញ៉ាបន្តថា ភាគច្រើន អ្នកមិនដឹងទេថាពេលវេលាទាំងនោះជាលើកចុងក្រោយសម្រាប់អ្នក។ នេះហើយ​ជាមូលហេតុធ្វើឱ្យជីវិតមានតម្លៃបំផុត។ ក្នុងន័យនេះ អ្នកឧកញ៉ាសូមណែនាំរឿង១០យ៉ាង ដែលយើងគ្រប់គ្នា​គួរចងចាំ រួមមាន៖

១. កុំចាំដល់ថ្ងៃក្រោយ ទើបនិយាយពាក្យល្អៗទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ឬឱ្យតម្លៃ។

២. ថតរូបឱ្យបានច្រើន ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃ។

៣. ទូរសព្ទទៅមនុស្សដែលអ្នកស្រទ្បាញ់ ឬឱ្យតម្លៃ ដោយមិនបង្អង់ពេលវេលា។

៤. ចំណាយពេលវេលាទៅសួរសុខទុក្ខឪពុកម្តាយរបស់អ្នកឱ្យបានច្រើន។

៥. កុំភ្លេចនិយាយពាក្យអរគុណ។

៦. បើអាចអភ័យទោសបាន គួររៀនអភ័យទោស។

៧. កុំឱ្យអំនួត ឬភាពរឹងរូសរារាំងអ្នកមិនឱ្យផ្សះផ្សាជាមួយមនុស្សដែលអ្នកមានជម្លោះជាមួយ។

៨. រស់នៅក្នុងពេលបច្ចុប្បន្ន ហើយឱ្យតម្លៃចំពោះពេលវេលាធម្មតាៗដែលអ្នកកំពុងមាន។

៩. កុំគិតថា យើងតែងតែមានឱកាសលើកក្រោយ។

១០. នៅពេលអ្នកចាកចេញពីនរណាម្នាក់ សូមធ្វើឱ្យពួកគេដឹងថាពួកគេមានតម្លៃ និងសំខាន់សម្រាប់អ្នក។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់បន្ថែមថា យើងច្រើនតែគិតថា ពេលវេលាសំខាន់ៗក្នុងជីវិត​នឹងបង្ហាញ​ឱ្យយើងដឹងថា វាសំខាន់ ប៉ុន្តែជាធម្មតា វាមិនដូច្នោះទេ។ ពេលវេលាមានតម្លៃបំផុតមួយចំនួនក្នុងជីវិតរបស់អ្នក អាចមើលទៅដូចជាពេលវេលាធម្មតាដែលអ្នកមិនបានចាប់អារម្មណ៍ ប៉ុន្តែអាចក្លាយជាអនុស្សាវរីយ៍​ដ៏មានន័យ​បំផុតនៅថ្ងៃក្រោយ។ ដូច្នេះ សូមរស់នៅឱ្យមានន័យ ស្រឡាញ់មនុស្សដែលនៅក្បែរខ្លួនឱ្យបានច្រើន និងឱ្យតម្លៃ​លើគ្រប់ពេលវេលាដែលអ្នកមាន ព្រោះយើងមិនអាចដឹងថា ពេលណាជាលើកចុងក្រោយនោះទេ៕