មេធំបណ្តោះអាសន្ន Nvidia ប្រាប់ឲ្យបុគ្គលិកកាត់ចិត្តហើយបោះជំហានទៅមុខទៀត ក្រោយលោក Huang ចាកចេញ

អន្តរជាតិ

លោកស្រី Colette Kress នាយកប្រតិបត្តិបណ្តោះអាសន្ន និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានជួបប្រជុំជាមួយបុគ្គលិកទាំងអស់ជាលើកដំបូង បន្ទាប់ពីលោក Jensen Huang បានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Kress បានផ្ញើសារទៅកាន់បុគ្គលិកថា ៖”យើងត្រូវតែបន្តដំណើរទៅមុខទៀត”។ ព្រមទាំងបានប្រកាសពីការពន្លឿនដំណើរការវាយតម្លៃការងារប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យបុគ្គលិកទទួលបានការដំឡើងប្រាក់ខែ និងភាគហ៊ុនមុនកាលកំណត់ធម្មតាថែមទៀតផង។

ជាធម្មតា Nvidia ធ្វើការវាយតម្លៃសមិទ្ធផលការងារប្រចាំឆ្នាំនៅក្នុងខែមីនា ប៉ុន្តែឆ្នាំនេះក្រុមហ៊ុនបានសម្រេចពន្លឿនដំណើរការនេះមកធ្វើនៅក្នុងខែធ្នូវិញ។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យបុគ្គលិកទទួលបានការដឹងច្បាស់អំពីការដំឡើងប្រាក់ខែ និងរង្វាន់ជាភាគហ៊ុនមុនពេលកំណត់ប្រហែល ៣ខែ។

គួរឲ្យដឹងថាកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលរបស់ Nvidia ក្នុងទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងមានរយៈពេលប្រហែលមួយម៉ោង។ កិច្ចប្រជុំក៏ត្រូវបានផ្សាយផ្ទាល់តាមរយៈកម្មវិធី Microsoft Teams សម្រាប់បុគ្គលិកដែលមិនអាចចូលរួមដោយផ្ទាល់ផងដែរ។

យ៉ាងណាមិញ​ ជុំវិញការអំពាវនាវរបស់លោកស្រី Kress ឱ្យបុគ្គលិកបន្តដំណើរទៅមុខនេះ បានកើតឡើងនៅពេលដែលក្រុមបុគ្គលិកមួយចំនួនកំពុងបង្ហាញការមិនពេញចិត្តចំពោះការចាកចេញរបស់លោក Jensen Huang និងចង់ឱ្យលោកត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិវិញ៕​