កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញសេដ្ឋកិច្ច និងទាក់ទាញកំណើនវិនិយោគនៃប្រទេសទាំងពីរបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Steve Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសការកើនឡើងនៃអត្រាអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ដែលសមិទ្ធផលទាំងនោះសុទ្ធសឹងតែមានការចូលរួមចំណែកគាំទ្រយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក។

តាមរយៈជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបាននាពេលកន្លងមក រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART), កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (Air Service Agreement), ការគាំទ្រផ្នែកហិរញ្ញប្បទាន ពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) ចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ភ្ជាប់កម្ពុជា ទៅកាន់សកលលោក, និង ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យសុខាភិបាល ដែលជួយឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់សុខមាលភាពសង្គមនៅកម្ពុជាផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរផងដែរ៕អត្ថបទ៖ហ្សាលីន