ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង នៅខេត្តកំពង់ចាម

ជុំវិញ​ឧកញ៉ា

ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តដឹកនាំ​ក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម, ឯកឧត្តម ខ្លូត ចិន្តា និងឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្ត, លោកស្នងការ​នគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកតំណាង​មន្ទីរព័ត៌មានខេត្ត, លោកអភិបាល នៃគណៈអភិបាលស្រុកចំការលើ និងស្រុកស្ទឹងត្រង់, អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារ បានគូសរំលេចពីការយកចិត្តទុកដាក់ និងអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពសិស្សា​នុសិស្ស តាមរយៈការចាត់ក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាជាក់ស្តែង ដើម្បីកំណត់អាទិភាព​ក្នុងការជួសជុល និងសាងសង់ឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលាបានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សម្ដេចតេជោចំពោះវិស័យអប់រំ និងបានប្តេជ្ញាសហការជាមួយក្រុមការងារ ដើម្បីជំរុញការងារនេះឱ្យសម្រេចតាមគោលដៅ។

គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៦ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ រួមមាន៖

១. វិទ្យាល័យ ហ៊ុន សែន ចំការលើ ស្ថិតនៅស្រុកចំការលើ

២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅស្រុកចំការលើ

៣. សាលាបឋមសិក្សា សូភាស ស្ថិតនៅស្រុកស្ទឹងត្រង់

៤. សាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា ស្ថិតនៅស្រុកស្ទឹងត្រង់

៥. អនុវិទ្យាល័យមិត្តភាពកម្ពុជា-ចិន ព្រះអណ្តូង ស្ថិតនៅស្រុកស្ទឹងត្រង់

៦. វិទ្យាល័យ ពាមកោះស្នា ស្ថិតនៅស្រុកស្ទឹងត្រង់។

ជាលទ្ធផល សាលាចំនួន ៤ ទីតាំង ត្រូវបានកំណត់ជាសាលាអាទិភាពសម្រាប់ការជួសជុលរួមមាន៖ វិទ្យាល័យ ហ៊ុន សែន ចំការលើ, សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក, សាលាបឋមសិក្សា សូភាស និងសាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នា។ ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារ​នឹងបន្តបូកសរុប និងវាយតម្លៃលម្អិតបន្ថែមទៀត ដើម្បីឈានទៅបើកការដ្ឋានជួសជុលកែលម្អ នាពេលឆាប់ៗ​ខាងមុខនេះ ដើម្បីផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព៕