លោកជំទាវ​ ឱ​ វណ្ណឌីន រន្ធត់ចិត្តពិត​ អាណិតរាស្ត្រខ្មែរ​ មិនគួរណាប្រែជាមានការភ័យ​ ដោយសារវីរុសកូវីដ-១៩ចង្រៃ​

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាប្រធាន​ គ.វ.ក-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានផ្ញើសារជូនជនរួមជាតិនៅព្រឹកនេះថា រន្ធត់ចិត្តពិត​ អាណិតរាស្ត្រខ្មែរ​ មិនគួរណាប្រែជាមានការភ័យ​ ដោយសារវីរុសកូវីដ-១៩ចង្រៃ​ មិនត្រាប្រណីសូម្បីកុមារតូច​។ យេីងអាចឈ្នះបាន​ ដោយការប្រណិបត្តិ​ តាមវិធានការពិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រមុខដឹកនាំឈ្លៀសវៃមែនទែន នាំរាស្ត្រខ្មែរនឹងបាន ស្រាកស្រាន្តទុក្ទភ័យ កូវីដចង្រៃ​ សូមរលាយសូន្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថា ឥឡូវនេះ​ វីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។

ដូច្នេះ​ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ “៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង+នៅផ្ទះជា​បណ្តោះអាសន្ន”​ នោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩​ ដោយងាយស្រួលហេីយ។

ត្រូវចងចាំថា​ “ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ​ បេីមិនចង់មានជំងឺកូវីដ-១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ​ ដោយអនុវត្តវិធានការដែល​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ​ជាបន្តបន្ទាប់នេះ​ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩​ ដោយសារតែការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ”​ ។

លោកជំទាវបានគូសបញ្ជាក់ថា កាលសង្រ្គាម​ យេីងខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោនក្នុងត្រង់សេ​ តែពេលនេះ​ យេីងខ្លាចវីរុសកូវីដ-១៩​ ផ្លោងដាក់យេីង​ យេីងត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះរបស់យេីង​ វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩​ ពិតជាមានការលំបាក​ក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ​ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩​ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩​ ទាំងអស់គ្នា៕