លោក គុណ ញឹម ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំប្រការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

លោក គុណ ញឹម បានសម្តែងនូវការគាំទ្រនិងមគ្គុទេសក៍ចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំប្រការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងពង្រឹងការអភិវឌ្ឍសមត្ថភាព ពង្រឹងភក្តីភាព និងអភិបាលកិច្ចល្អ ដើម្បីបុព្វហេតុសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនាម្សិលមិញ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបាននាពេលថ្មីៗនេះ តាមរយៈការដាក់ចេញនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ, យុទ្ធសាស្រ្តអនុលោមភាពនិងការអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធបច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីលះបង់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្រ្តីបានគូសរំលេចនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕