ជំនួយឥតសំណងជាង ៧២លានដុល្លារ ជប៉ុនផ្តល់ជូនដល់ប្រទេសកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៧២ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃសុក្រ ខែតុលា នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស ពិធីចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងប្រព្រឹត្តនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ក្រោមវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ជំនួយនេះ​នឹងបែងចែកជាពីរ គឺជំនួយឥណទានសម្បទានលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់កាលទី២ ដែលមានទឹកប្រាក់សរុបជាង៦លាន​យ៉េន ឬស្មើនឹង៥៨,២១​លានដុល្លារអាមេរិក និងជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងជាច្រើនទៀត ក្នុងនោះ​រួម​មាន គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប២០០លានយ៉េន ឬស្មើនឹង១,៨លានដុល្លារអាមេរិក។

ជាមួយគ្នានេះ គម្រោងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប២៥០លាយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក ក៏ត្រូវបានផ្តល់ឲ្យផងដែរ។

បន្ថែមលើនេះ គម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់សរុប២៥០លានយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក គម្រោងបំពាក់ឧបករណ៍សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ មានទឹកប្រាក់សរុប៤០០លានយ៉េន ឬប្រមាណ៣,៦៣លានដុល្លារអាមេរិក និងគម្រោងបំពាក់សម្ភារបរិក្ខារនិងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិចនិងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប៥០០លានយ៉េន ឬស្មើនឹង៤,៥៤លានដុល្លារអាមេរិក៕