ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ទៅដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ចាប់ពីខែធ្នូទៅ

សង្គម​និង​សេដ្ឋកិច្ច

ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ហើយដែលបានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។ នេះបើតាមកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃចន្ទ ទី២៩ វិច្ឆិកា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ខែធ្នូនេះដដែល ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»។

Father's Day Giveaway: Two Flight Tickets To Hong Kong With Exclusive  Lounge Access, Courtesy of Cathay Pacific And Cathay Dragon | Tatler Asia

ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក និងជំរុញនឹងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ។

បន្ថែមលើនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ផ្តោតទៅលើអាទិភាពបន្ទាប់ គឺការបើកជើងហោះហើរជាប្រក្រតីភាពឡើងវិញ រវាងកម្ពុជា និងចិន នៅពេលណាមានការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃរដ្ឋាភិបាលចិន។ ចំពោះករណីនេះ កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ខ្លាំងក្លាបានទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរនៅមានកម្រិត៕