សម្តេច ហ៊ុន សែន៖ ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអះអាងថា៖ ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺជាការប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចបានសង្កត់ធ្ងន់ថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និង បក្សនយោបាយបានទេ។ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ ទន្ទឹមនឹងនោះ សម្តេចបានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។

ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។ សម្តេចបានរំលឹកថា ថ្ងៃនេះ ម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ។

ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិ ក្នុងការកសាងអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ។ ក្នុងឱកាសនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ និងសប្បុរសជនដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនានារបស់ក្រសួងនាពេលកន្លងមកផងដែរ៕